សីហនុៈ នាវាកងទ័ពជើងទឹកឥណ្ឌា ១ គ្រឿងឈ្មោះ INS KILTAN ផ្ទុកនាវិក ១៧០ នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីម្សិលមិញ ដោយបានដឹកសម្ភារសម្រាប់ការងារជួយសង្គ្រោះសរុបជាថវិកាប្រមាណ ១១ ម៉ឺនដុល្លារ មកប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោក កែវ វី ទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីម្សិលមិញថា សម្ភារទាំងនេះរួមមាន កន្ទេលសំយោគចំនួន ៣ ០០០ ភួយចំនួន ៣ ០០០ សម្ភារសម្រាប់កងកម្លាំងជួយសង្គ្រោះបុរស ១ ៥០០ ឃីត ឬកញ្ចប់ (១ ឃីតមានចំនួន ១៥ ប្រភេទ) និងសម្ភារសម្រាប់កងកម្លាំងស្ដ្រី ១ ៥០០ ឃីតផងដែរ។ សម្ភារទាំងនេះទុកប្រើពេលមានគ្រោះមហន្តរាយដូចជាគ្រោះទឹកជំនន់ជាដើម។
លោកថា៖ «សរុបសម្ភារទាំងអស់ដែលភាគីឥណ្ឌាផ្ដល់ដល់កម្ពុជានេះ គិតជាថវិកាមានប្រមាណ ១១ ម៉ឺនដុល្លារអាមេរិក»។
បើតាមលោក កែវ វី កន្លងមកភាគីឥណ្ឌាតែងតែជួយកម្ពុជាតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានដូចជា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ជាច្រើនទៀត។
លោកថ្លែងថា៖ «កាលពីឆ្នាំ ២០០០ ឥណ្ឌាក៏បានជួយកម្ពុជាច្រើនដែរតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងឆ្នាំនោះ បើតាមខ្ញុំចាំ គឺបានផ្ដល់អង្ករដល់កម្ពុជាចំនួន ១ ម៉ឺនតោនដោយបានដឹកជញ្ជូនចូលមកតាមច្រកសមុទ្រខេត្ដព្រះសីហនុដែរ»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុឱ្យដឹងពីម្សិលមិញថា នាវានេះមានប្រវែង ១១០ ម៉ែត្រ និងជម្រៅទឹក ៧ ម៉ែត្រ មាននាវិក ១៧០ នាក់។ នាវានេះបានចូលចតនៅចំណតផែចាស់លេខចំណត III នៅម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី ២៩ ខែធ្នូ។
លោកថា៖ «នាវានេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១»៕